ជនសង្ស័យ ឈ្មោះ ហួង រក្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១២១ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង ឈ្មោះ សួន សុភ័ក្រ្ដ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ1A ផ្លូវ៤៩២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅវេលាម៉ោង ០០:១៦នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ដោយដកហូតវត្ថុតាង ៖ ១.ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ស សេរីឆ្នាំ២០២២ ស្លាកលេខ ក្រចេះ1G.9180 , ២.ទូរស័ព្ទដៃចំនួន០៣គ្រឿង, ៣.កាបូបលុយ០១ និង នាឡិកាដៃ០១គ្រឿង។ ចំណែកវត្ថុតាងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើកំណត់ហេតុប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ពិតប្រាកដមែន។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




