ព័ត៌មានជាតិ

ACU បញ្ជូនលោក ឡាយ សំណាង ទៅតុលាការ ក្រោយឃាត់ខ្លួន ករណីកិបកេងថវិការដ្ឋ ជាង៣៨ម៉ឺនដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿង លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួន ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋ ជាង ៣៨ម៉ឺនដុល្លារ។

ជុំវិញបញ្ហានេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះថា «ខ្ញុំ សូមបញ្ជាក់ផងដែរថា ករណីលោក ឡាយ សំណាង នេះគឺខាងអង្គភាព ប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនគាត់ កាលពីម្សិលមិញម៉ោង ៤ល្ងាច ហើយរៀបចំកសាង សំណុំរឿងពាក់ព័ន្ធទៅនឹងករណីរបស់គាត់ រហូតដល់ព្រឹកមិញនេះ គឺយើងបានកសាងសំណុំរឿង ចប់សព្វគ្រប់ គឺយើងបានបញ្ជូនគាត់ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ ម៉ោង ៩កន្លះ»។

សូមរំលឹកថា លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣៕

To Top