ព័ត៌មានជាតិ

១០ឆ្នាំ​ទៀត​ ខ្សែផ្លូវជាតិ និងផ្លូវខេត្ត​ នៅកម្ពុជា នឹងប្រែក្លាយជាប្រភេទផ្លូវ​ បេតុងកៅស៊ូ​ ទាំងអស់

ភ្នំពេញ​ ៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា​ រយៈពេល​ ១០ឆ្នាំទៀតយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច​ ១២ម៉ែត្រ ឬ​ ៤គន្លង។

នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដឹកនាំដោយលោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣​ លោកទេសរដ្ឋមន្ត្រី បានលេីកឡេីងពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា​ “ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង”។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាប ក៏កំពុងសិក្សាផងដែរ។

ភ្ជាប់ជាមួយនឹងការលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនទាំងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យជួយជំរុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយទាក់ទងនឹងសំណូមពរនេះដែរ សមាគមសូមធ្វើការគាំទ្រ និងចូលរួមជំរុញឱ្យប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឱ្យបានច្រើន។

ជាការឆ្លើយតប លោកប្រធានសមាគមបានបញ្ជាក់អំពីការចូលរួមប្រើប្រាស់ផ្លូវល្បឿនលឿន នាពេលកន្លងទៅ និងសន្យាថានឹងបន្តជំរុញការប្រើប្រាស់ឱ្យកាន់តែច្រើនជាងនេះទៅទៀត។ ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានធ្វើការសំណូមពរមកកាន់ក្រសួង ជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម។

លោកទេសរដ្ឋមន្ត្រី បានជម្រាបទៅកាន់ប្រតិភូសមាគមវិញថា ក្រសួងដោយសហការជាមួយវិស័យឯកជន កំពុងសិក្សាលើគម្រោងរៀបចំចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការចរាចរណ៍រថយន្តក្រុងធំៗចូលក្នុងទីក្រុង ដែលជាហេតុនាំឱ្យមានកកស្ទះ៕

To Top