ព័ត៌មានជាតិ

អតីតប្រធានសភាកូរ៉េ ប្រាប់សម្ដេចតេជោថា កម្ពុជារីក ចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេល១០ឆ្នាំមកនេះ

ភ្នំពេញ៖ លោក Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញ កម្ពុជាមានការ រីកចម្រើនយ៉ាងខ្លាំង ។

ការបញ្ជាក់របស់អតីតប្រធានសភាកូរ៉េខាងត្បូងបែប នេះ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។

លោកអតីតប្រធានសភាកូរ៉េ បានមានប្រសាសន៍ថា លោកពិតជារីករាយចំពោះ វឌ្ឍនភាពរបស់កម្ពុជា ហើយអ្វីដែលកាន់តែរីករាយ និងមានមោទកភាពបំផុតនោះ គឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជា ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ លោកបានអបអរសាទរសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានកន្លងទៅ។

ក្នុងជំនួបនេះផងដែរ លោក Park Byeong-Seug ក៏បានជំរាបសម្ដេចតេជោផងដែរថា កាលពីឆ្នាំកន្លងទៅ សម្ដេចបានដាក់ការងារ ឱ្យលោកធ្វើចំនួន៣ ទី១.គឺការផ្ដល់សច្ចាប័ណ្ណលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ, ទី២.ការគាំទ្រផ្ដល់ហិរញ្ញប្បទាន សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣.ការបង្កើនកូតាសម្រាប់ពលករកម្ពុជា បានទៅធ្វើការនៅឯប្រទេសកូរ៉េ។

លោកបញ្ជាក់ថា ការងារទាំង៣នេះលោកបានធ្វើ និងប្រកបដោយផ្លែផ្កា សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដូចជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមាន, ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានចុះហត្ថលេខា ក្នុងការសាងសង់ផងដែរ និងកូតាសម្រាប់ការអនុញ្ញាតឲ្យ ពលករកម្ពុជាបានទៅបម្រើការងារ នៅប្រទេសកូរ៉េក៏បានកើនឡើងចំនួន ៤០% ហើយអ្វីដែលលោក និងប្រតិភូត្រូវធ្វើបន្តទៀតនោះ គឺទី១. ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងកូរ៉េ ឲ្យកាន់តែរីកធំធាត់ និងរឹងមាំបន្ថែមទៀត, ទី២.ស្វែងរកការគាំទ្រជួយដល់កម្ពុជា លើវិស័យដោះមីន និងទី៣.លើកទឹកចិត្តឲ្យអ្នកវិនិយោគកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ថែមទៀតដោយផ្ទាល់ ឬតាមរយៈ១+។

លោកបន្តថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងអស់នោះមានដូចជា កម្លាំងយុវជនប្រកបដោយថាមពល និងគុណភាពខ្ពស់, កម្ពុជាប្រើប្រាស់លុយដុល្លារ, កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនឹងសក្តានុពលជាច្រើនទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណលោក Park Byeong-Seug ចំពោះការវាយតម្លៃ លើវឌ្ឍនភាព និងភាពរីកចម្រើនរបស់កម្ពុជា និងអរគុណលោកបានអបអរសាទរ ចំពោះភាពជោគជ័យក្នុងនាមកម្ពុជា ធ្វើជាប្រធានអាស៊ាន។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ អតីតប្រធានរដ្ឋសភាកូរ៉េផងដែរ ដែលបានបំពេញការងារទាំង៣ ដែលសម្ដេចបានស្នើសុំឲ្យជួយ នាពេលកន្លងមកបានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ ជួយដល់កម្ពុជាថែមទៀតតាមរយៈការ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង, ការស្វែងរកជំនួយជួយដល់កម្ពុជា ក្នុងការដោះមីន និងការជំរុញអ្នកវិនិយោគ កូរ៉េឲ្យមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ តាមរយៈការវិនិយោគដោយផ្ទាល់ និងតាមរយៈការវិនិយោគ១+បូក ជាដើមនោះ ៕

To Top