ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ប្រទេសខាងត្បូង គឺជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ ខណៈបច្ចុប្បន្ននេះនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ។
នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រទេសខាងត្បូងយើងនេះគឺជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ។ បច្ចុប្បន្ន បញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើត ឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ»។
សម្ដេចតេជោ បន្ដថា ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។ ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនូវតម្រូវសាធារណៈ ការបែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។
សម្ដេចតេជោ បន្ថែមថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាព ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព និងការស្តារសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។
ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៉ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗ ផងដែរ៕