ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ឆ្លងផុតគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ មករានេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨» ។

យោងតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយ គ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

លោកបន្តថា គ.ប.ដ.ស. មានចក្ខុវិស័យដល់ឆ្នាំ២០៣៨ «អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញ សមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយ នឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ» ។

គ.ប.ដ.ស. ក៏មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញ និងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

To Top