ព័ត៌មានជាតិ

កម្ពុជា- JICA ចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សា គម្រោងបង្កើតផែនការ អភិវឌ្ឍន៍វិស័យ ទឹកស្អាតទីប្រជុំជន

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពី «គម្រោងរៀបបង្កើតផែនការ អភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន»។

ពិធីនេះប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងឧស្សាហកម្ម ក្រោមអធិបតីភាពលោក អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងឧស្សាហកម្ម និងJICA បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី ៥ ក្នុងវិស័យទឹកស្អាត ចាប់ពីឆ្នាំ ២០០៣ ។ គោលដៅរំពឹងទុករបស់គម្រោង គឺដើម្បីលើកកម្ពស់ សមត្ថភាពមន្ត្រីជំនាញ ពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំបទបញ្ញត្តិ និងការគ្រប់គ្រងអង្គភាព ទឹកស្អាតទីប្រជុំជន តាមរយៈការរៀបចំ នូវគោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ទឹកស្អាតនៅទីប្រជុំជនថ្នាក់ខេត្ត និងគំរូផែនការមេ សម្រាប់អង្គភាពទឹកស្អាតសាធារណៈ។

លើសពីនេះ គម្រោងនេះនឹងរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ក៏នឹងជួយដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការរៀបចំគោល ការណ៍ណែនាំ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានេះដែរ ផ្អែកលើឯកសារកិច្ចព្រៀងកំណត់ហេតុ នៃកិច្ចពិភាក្សា គម្រោងនេះរំពឹងថា នឹងត្រូវចាប់ផ្តើមអនុវត្ត នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគោលបំណងរៀបចំ គោលការណ៍ណែនាំអំពីការអភិវឌ្ឍន៍ វិស័យទឹកស្អាតទីប្រជុំជន គំរូផែនការអភិវឌ្ឍន៍ ទឹកស្អាតទីប្រជុំជន ថ្នាក់ខេត្ត និងគំរូផែនការមេ សម្រាប់អង្គភាពទឹកស្អាត សាធារណៈ នៅខេត្តគោលដៅ ។ សកម្មភាពរបស់គម្រោង ក៏នឹងរួមបញ្ចូលទាំងការកសាង សមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ ផងដែរ។

សូមបញ្ជាក់ថា JICA គឺជាដៃគូអភិវឌ្ឍមួយ ដ៏យូរអង្វែងមួយក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដែលតាមរយៈ JICA រដ្ឋាភិបាលជប៉ុនប្តេជ្ញា ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត រយៈពេលយូរជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងមានសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា ៕

To Top