ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មការ ក.២៦.១៣ នាទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ ទាំងអស់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញ ភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់គ្រប់លទ្ធភាព ទាំងកម្លាំងកាយ កម្លាំង ចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងាររៀបចំ រចនាសម្ព័ន្ធអង្គការចាត់តាំងបក្ស, ការងារ គ្រប់គ្រង និងពង្រីកសមាជិកបក្ស, ការងារអប់រំសតិអារម្មណ៍នយោបាយ និងការងារចុះពង្រឹងនៅតាមមូលដ្ឋាន នៅទូទាំងប្រទេស ។

លោក បានរំលេចថា សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខ ប្រកបដោយភាព សុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព, ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែត នៃកិត្យានុភាព របស់កម្ពុជា លើឆាកអន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តា ប្រទេសនានា លើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍ អន្តរជាតិ យ៉ាងណាក្តី ហើយខណៈដែលការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់ កំណត់ពេលវេលា បញ្ចប់ច្បាស់លាស់នៅឡើយ ។ ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារ សម្រេចនូវសមិទ្ធផលធំៗ ជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកប ដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់ នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល, (២) ជោគជ័យដ៏ត្រចះត្រចង់ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, (៣) ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើនបានប្រមាណ ៦,៦% ក្នុងឆ្នាំ២០២៣, (៤) ការធានាបាននូវលំនឹងជីវភាព របស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលទទួលរងឥទ្ធិពលខ្លាំង ពីវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ តាមរយៈការដាក់ចេញនូវវិធានការ អន្តរាគមន៍ផ្នែកសង្គមកិច្ច, (៥) ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជន ដែលត្រូវអនុវត្ត ចាប់ខែមករា ឆ្នាំ២០២៣ នេះ ព្រមជាមួយនឹង ការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរដល់ ២០០ USD ផងដែរ, (៦) ប្រក្រតីភាព នៃដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្សតាមគន្លងនីតិរដ្ឋ ដូចបានឆ្លុះបញ្ចាំង តាមរយៈការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, (៧) ជោគជ័យ នៃភាពជាប្រធានអាស៊ាន របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើន មកពីក្នុងតំបន់ និង ក្រៅតំបន់ ។ ពិតណាស់ និយាយក្នុងក្របខ័ណ្ឌជារួម, សមិទ្ធផលទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្តាច់ បានឡើយពីការចូលរួមចំណែក របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក៏ដូចជាសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។

លោក ម៉ាណែត សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងសម្រេចភារកិច្ច ទាំងលើការងារស្នូល និងការងារបក្ស សំដៅធ្វើយ៉ាងណាថែរក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាដំណើរការអភិវឌ្ឍន៍ ទៅមុខរបស់ប្រទេសជាតិយើង ដែលកំពុងតែបោះជំហាន ទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ៕










