ព័ត៌មានជាតិ

កូរ៉េខាងត្បូង កំពុងជំរុញ ឱ្យមានការបន្តការពិគ្រោះយោបល់ ទ្វេភាគីជាមួយអាមេរិក អឺរ៉ុប អំពីបញ្ហាសិទ្ធិមនុស្ស របស់កូរ៉េខាងជើង

បរទេស ៖ ប្រភពការទូតជាច្រើនបាននិយាយ នៅថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឱ្យមានការ បន្តការពិគ្រោះយោបល់ទ្វេភាគី ជាមួយសហរដ្ឋអាមេរិក អំពីបញ្ហាសិទ្ធិមនុស្ស របស់កូរ៉េខាងជើង បន្ទាប់ពីបានផ្អាកអស់ រយៈពេលប្រាំមួយឆ្នាំ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ព័ន្ធទាំងពីរមិត្ត មានការពិភាក្សាកម្រិត ការងារចំនួនពីរលើកក្នុងឆ្នាំ ២០១៦ ស្តីពីមធ្យោបាយលើក កម្ពស់សិទ្ធិមនុស្ស នៅក្នុងប្រទេសផ្តាច់ មុខកូរ៉េខាងជើង ។ ចាប់តាំងពីការចាប់ផ្ដើមឆ្នាំ ២០១៧ នៃរដ្ឋបាលរបស់អតីត ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលស្វែងរកការសន្ទនា យ៉ាងសកម្មជាមួយទីក្រុងព្យុងយ៉ាង, ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន មិនមានការពិភាក្សាការទូត ផ្លូវការបែបនេះទេ ។

នៅក្នុងរបាយការណ៍ មួយទៅកាន់ប្រធានាធិបតី លោក Yoon Suk Yeol ស្តីពីកិច្ចការគោលនយោបាយសំខាន់ៗ របស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ កាលពីសប្តាហ៍មុន ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួននឹងស្វែងរកការពិគ្រោះយោបល់ទ្វេភាគី លើបញ្ហានេះជាមួយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្របតាមយុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីដើរតួនាទីនាំមុខគេ នៅក្នុងសហគមន៍អន្តរជាតិ។

កាលពីខែធ្នូ លោក Chun Young-hee ដែលដឹកនាំការិយាល័យ របបសន្តិភាពឧបទ្វីបកូរ៉េ របស់ក្រសួង បាននិយាយអំពីបញ្ហា សិទ្ធិមនុស្សរបស់កូរ៉េខាងជើង ជាមួយលោក Scott Busby ឧបការីរងរដ្ឋលេខាធិការ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ។

ប្រភពមួយបាននិយាយថា រដ្ឋបាល Yoon ក៏កំពុងពិចារណារៀបចំកិច្ចពិភាក្សា ពាក់ព័ន្ធជាមួយសហភាពអឺរ៉ុប ដែលតែងតែតាក់តែង សេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងការរំលោភ សិទ្ធិមនុស្សនៅភាគខាងជើង៕

To Top