ក្នុងនាមជាសង្គមស៊ីវិលមួយ នៅប្រទេសកម្ពុជា ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន នាពេលថ្មីៗនេះថា លោកសូមគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលមិនមានកំណត់ទាក់ទង នឹងការធ្វើចត្តាឡីស័ក ឬ លក្ខខណ្ឌពិសេសណាមួយ ទាក់ទងនឹងជំងឺកូវីដ១៩នោះទេ ។
គាំទ្រចំពោះជំហរ របស់រាជរដ្ឋាភិបាល ដោយលោកបានសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ ចិនបានគោរពយ៉ាងត្រឹមត្រូវ នូវការគ្រប់គ្រងការ រីករាត្បាតជំងឺកូវីដ១៩ តាមនិយាមសុខាភិបាល ។
«ការបើកប្រទេស របស់កម្ពុជាឡើងវិញ ក៏ជាមួយផ្នែកធំ គឺបានមកពីការគាំទ្រ យ៉ាងពេញទំហឹងលើផ្នែកគោល នយោបាយ វ៉ាក់សាំងរបស់ប្រទេសចិន ក្នុងន័យនេះ ហើយ ដែលយើងលើកឡើងថា មិត្តរួមសុខ រួមទុក្ខជាមួយគ្នា ហើយម្យ៉ាងទៀត ទាក់ទងនឹងបញ្ហាកូវីដ១៩ សព្វថ្ងៃនេះ បណ្តាប្រទេសទាំងអស់ នៅលើពិភពលោក បានលើកឡើងថា វាលែងជារបាំង លែងជាឧបសគ្គ នៅក្នុងទំនាក់ទំនង រវាងមនុស្សនិង មនុស្សតទៅទៀតហើយ»
លោកបណ្ឌិត បានលើកឡើងទៀតថា ពេលដែលទេសចរចិនអញ្ជើញមកកម្ពុជា គឺជាការចាក់បញ្ជូលបន្ថែមទៀត នូវមូលធនជូនដល់សេដ្ឋកិច្ចរបស់កម្ពុជា និងជាការចូលរួមស្តារ ពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាការជំរុញ និងលើកទឹកចិត្ត ដល់ការ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាជន ដោយផ្ទាល់ និងដោយប្រយោល នៅក្នុងប្រទេសកម្ពុជា ។
ជាមួយគ្នានេះដែរ លោក យឹម អធិស័ក្តិ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា «ខ្ញុំគិតថា ទេសចរចិនពិតជាបានចូលរួមចំណែក ទៅលើការអភិវឌ្ឍប្រទេសច្រើន ជាក់ស្តែងយើងឃើញថា ពេលដែលទេសចរចិនចូលមក (កម្ពុជា) គឺបានចូលរួមសម្រួលទុក្ខលំបាក លើគ្រប់វិស័យ ទាំងដោយផ្ទាល់ និង ដោយប្រយោល ដោយផ្ទាល់ ដូចជាវិស័យទេសចរណ៍ មានតម្រូវការ អ្នកបដិសណ្ឋារកិច្ច ឬ អ្នកមគ្គុទេសចរណ៍ ដែលអនុញ្ញាតឲ្យទីផ្សារនៃវិស័យទេសចរណ៍ ដំណើរការ ហើយក៏ដូចជា អនុញ្ញាតឲ្យពួកខ្ញុំ ដែលជានិស្សិត អាចធ្វើការបន្តការ សិក្សាលើជំនាញមួយត្រឹមត្រូវ ហើយមានប្រភព ទីផ្សារច្បាស់លាស់ ដែលអាចជួយសម្រួលជីវភាពរបស់ពួកខ្ញុំ កាន់តែធូរស្បើយ មួយចំណែក ក៏ដូចជា ចូលរួមក្នុងការកសាងប្រទេស របស់យើងឲ្យកាន់តែរីកចម្រើន តាមរយៈការទាញយកលំហូរចូល នៃការចូលមកធ្វើទេសចរណ៍ និងទស្សនា របស់ជនជាតិចិន»
ទាំងលោក បណ្ឌិត ជាមុនីឫទ្ធិ និង និស្សិត យឹម អធិស័ក្តិ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនបែបនេះ អំឡុងកម្មវិធីបាឋកថាក្រោមប្រធានបទ «រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មី ប្រពៃណីចិន» កាលពីពេលថ្មីៗនេះ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា ក្នុងចំណោមទេសចរទាំងអស់ លើពិភពលោក ទេសចរចិនគ្របដណ្តប់ ជិត២០ភាគរយ ដូច្នេះ ការចេញទៅក្រៅប្រទេស របស់ទេសចរជនជាតិចិន គឺជាការជួយដល់ដំណើរការសេដ្ឋកិច្ច លើពិភពលោកទាំងមូល។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងខ្ពស់ថា នឹងទទួលទេសចរចិន ប្រហែលជា ជាង១លាននាក់ និងរំពឹងថា ទទួលបានជាង២លាននាក់ នៅឆ្នាំ២០២៤ និង នៅឆ្នាំ២០២៥ ទទួលបានទេសចរចិន យ៉ាងតិច ៣.៥លាន ឬ ៤លាននាក់ ។
«សម្រាប់កម្ពុជា យើងរីករាយមែនទែន ក្នុងការត្រៀមទទួលស្វាគមន៍ ដល់ទេសចរចិននេះ» ។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជារូបនេះក៏បានវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាត្បាតកូវីដ១៩របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)