ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថា ប្រទេសម៉ាល់ឌីវ នឹងបន្ដគាំទ្រកម្ពុជា ដើម្បីឱ្យក្លាយ ទៅជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នាពេលមុខនេះ។
ឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា សមាជិកអាស៊ានដទៃទៀត នឹងទទួលយកម៉ាល់ឌីវ ជាដៃគូរបស់អាស៊ាន។ សម្ដេច គិតថា ទស្សនាកិច្ចរបស់ សម្ដេច នៅម៉ាល់ឌីវ នាពេលនេះ ជាការបើកផ្លូវមួយដ៏សំខាន់ចំពោះទំនាក់ទំនងរវាង កម្ពុជា-ម៉ាល់ឌីវ។
សម្ដេចតេជោ បញ្ជាក់ថា «យើងចង់ក្លាយទៅជាសមាជិក OIC ជាអ្នកសង្កេតការណ៍ ហើយសង្ឃឹមថា យើងនឹងក្លាយជាតួរអង្គដ៏សំខាន់ នៃការធ្វើសុខដុមនីយកម្ម ជាតិសាស្ដ្រ និងសាសនា នៅកម្ពុជា។ សង្ឃឹមថា ម៉ាល់ឌីវ នឹងបន្ដការគាំទ្ររបស់យើង ដើម្បីឱ្យយើងក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុងអង្គការ OIC នេះតែម្ដង»។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានាធិបតីម៉ាល់ឌីវ ថា សម្ដេច នឹងរកផ្លូវចំនួនមួយខ្សែ ដើម្បីប្រែក្លាយជាផ្លូវមិត្តភាពរវាង កម្ពុជា-ម៉ាល់ឌីវ ហើយនឹងសម្ពោធក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីម៉ាល់ឌីវ នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ៕