ភ្នំពេញ៖ បន្ទាប់ពីបានស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃការអញ្ជើញជូនដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោង នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៥ រសៀល ថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ៕



