ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរស្រាវជ្រាវ និងបង្ក្រាបទាន់ពេលវេលា ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ ដោយបញ្ជូនជនល្មើស និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «អាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាង ទៅតុលាការចាត់វិធានការតាមច្បាប់»។
លើសពីនេះ សម្ដេច ស ខេង ក៏បានផ្ដល់មតិឱ្យពិនិត្យការរៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី និងការចល័តយាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូល តំបន់ហាមឃាត់ជាអាទិភាពនានា ចំពោះបុគ្គលិកទាំងឡាយណា ដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់តាមចំណុចសំខាន់ៗ នៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។
សម្ដេច បានណែនាំអង្គភាព នគរបាលការពរបេតិកភណ្ឌបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌ វប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា៖ ការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។
ជាងនេះទៅទៀត សម្ដេច ស ខេង បានណែនាំអង្គភាព នគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយ នៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ៕