ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ។

ជាលទ្ធផលនៃដំណើរអញ្ជើញ បំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋម៉ាឌីវ រយៈពេល ៣ថ្ងៃកន្លងមកនេះ ឃើញថាទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សម្រាប់ជាតិមាតុភូមិ ជាពិសេសសម្រាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវ បានផ្ដល់នូវកាលានុវត្តភាព សម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញ នូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ វិស័យសុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕



