ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ៖ ឥណ្ឌូនេស៊ី បានចូលរួមចំណែក ក្នុងការផ្សះផ្សាជាតិកម្ពុជា ឱ្យមានសន្តិភាព

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែក ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតមានសន្តិភាព ពេញលេញមកដល់សព្វថ្ងៃនេះ ។

ក្រោយ​បញ្ចប់​ជំនួបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង និងលោក ស៊ូឌីម៉ាន ហាសេង ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្សះផ្សាជាតិកម្ពុជា រហូតធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ដើម្បីឆ្លើយតបជាមួយ និងគុណបំណាច់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែ ជូនថ្នាក់ដឹកនាំ នៃប្រទេសនេះផងដែរ។

លោក ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីរំដោះចរាចរ ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។ ផ្លូវ២ខ្សែនេះ នឹងត្រូវដាក់ឈ្មោះជា វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។

លោក ស៊ូឌីម៉ាន ហាសេង បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង ចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញ ចំនួន២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា ដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ។

បន្ថែមពីនេះ លោក ស៊ូឌីម៉ាន ហាសេង ក៏បានមានប្រសាសន៍លើកឡើង ពីការរីកចំរើនយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញផងដែរ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែង ជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃ បានដូចមុននោះទេ ៕

To Top