ព័ត៌មានជាតិ

ក្រសួង ប្រាប់មន្ទីរទេសចរណ៍រាធានី-ខេត្ត ត្រូវណែនាំភ្ញៀវ ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុ នឹងចុះត្រជាក់

ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្រសួងទេសចរណ៍ បានប្រាប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវណែនាំភ្ញៀវទេសចរ ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុ នៅប្រទេសកម្ពុជា នឹងមានការចុះត្រជាក់ ។

ការលើកឡើងរបស់ ក្រសួងទេសចរណ៍បែបនេះ បន្ទាប់​ពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ មករា បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងទទួលភាពចុះត្រជាក់ ក្នុងកម្រិតខ្សោយ មធ្យម និងកម្រិតពីមធ្យមទៅបង្គួរ (ជាពិសេសទំនាបភាគពាយ័ព្យមាន ដូចជា ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន និងនៅតំបន់ខ្ពង់រាបជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ) ។ ចំពោះសីតុណ្ហភាពអប្បបរមាទូទៅចន្លោះពី១៧-២៤ºC និង សីតុណ្ហភាពអតិបរមាទូទៅ ចន្លោះពី២៩-៣៣ ºC ។

ក្រសួង លើកឡើងថា «ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស រាជធានីខេត្តដែលទទួល រងឥទ្ធិពលខាងលើនេះ ក្រសួងទេសចរណ៍ ធ្វើសេចក្តីជូនដំណឹងដល់ ប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរ និងភ្ញៀវ ទេសចរទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតឡើង ជាយថាហេតុ» ៕

To Top