ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកាទេសចរណ៍ មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ (Rethink for Resilience and Digitalization)» ។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-18_16-22-52-1024x682.jpg)
នាឱកាសនោះ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និង ឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។
លោក បានបង្ហាញពីរបៀបវារៈសំខាន់ៗ ក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបជាបទបង្ហាញ របស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-18_16-22-56-1-1024x682.jpg)
ឆ្លងតាមរយៈកិច្ចប្រជុំ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍គន្លឹះនានា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើ ដូចជា៖ រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង ដោយចែកតួនាទីនិងភារកិច្ច ឲ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ដ្រី បន្ថែមថា រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)