ព័ត៌មានជាតិ

សម្ដេចតេជោ ៖ អប់រំ និងសុខាភិបាល គឺជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការជ្រើសរើសក្របខណ្ឌ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យអប់រំ និងសុខាភិបាល គឺជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការជ្រើសរើសក្របខណ្ឌរបស់ខ្លួន ដោយធ្វើការប្រឡងឱ្យបានត្រឹមត្រូវ។ 

នាឱកាសអញ្ជើញពិនិត្យមើល វឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាល ជាមួយកម្មករសំណង់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងសង្គមមួយ មានការជឿលឿន តម្រូវការផ្នែកវិស័យអប់រំ និងសុខាភិបាល គឺជាការចាំបាច់ សម្រាប់ប្រទេសមួយ។ ព្រោះថា ជាការវិនិយោគឱ្យមនុស្ស និងការពារមនុស្ស។ សម្ដេច ថា «ថវិកាឆ្នាំ២០២៣នេះ គឺបម្រើឱ្យមនុស្សតែម្ដង»។

សម្ដេចតេជោ បញ្ជាក់ថា «ចាប់ពីនេះតទៅ វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ (ជម្រើសក្របខណ្ឌមន្ដ្រី) ក្រសួងនានា ត្រូវកាត់បន្ថយដែលជម្រើបុគ្គលិក ជួនការចូលនិវត្តន៍ ៥នាក់ ឱ្យរើសមកវិញតែ២ ឬ៣នាក់ទេ»។

សម្ដេចតេជោ បន្ថែមថា ប៉ុន្ដែ សម្រាប់គ្រូពេទ្យ នាឆ្នាំកន្លងទៅ ឱ្យជ្រើសរើសក្របខណ្ឌចំនួន ៣០០០នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានប្រកាសអនុញ្ញាតឲ្យបន្ថែមការប្រឡងគ្រូពេទ្យ ចូលក្របខណ្ឌសុខាភិបាល ចំនួន២០០នាក់ទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសផ្តល់ជូននូវបុគ្គលិក ជាប់កិច្ចសន្យាចំនួន ៣០០នាក់ បន្ថែមទៀត សម្រាប់ឱ្យបម្រើការងារ នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព។ សម្ដេច បានផ្ដាំផ្ញើដល់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមធ្វើកិច្ចការនេះ។

ឆ្លៀតឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានរំលឹកថា សម្តេច មានមោទនភាពនៅពេលកម្ពុជា មានការឆ្លងជំងឺកូវីដ១៩រាតត្បាតនោះ មិនមានប្រជាពលរដ្ឋណាម្នាក់ ដេកតាមផ្លូវ ហើយអ្នកស្លាប់ មិនមានសពណាអត់ក្តាមឈូសនោះឡើយ៕

To Top