ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៨គ្រួសារ នៅស្រុកព្រៃឈរ បានទទួលអំណោយ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា និងសហការី នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ នេះ បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយ រងគ្រោះបំផុត ចំនួន ៥៨ គ្រួសារ មកពីឃុំចំនួន៥ ” ព្រៃឈរ ស្រង៉ែ សូរសែន្យ ល្វា និង សំរោង” ដែលបានប្រព្រឹត្តទៅ នៅក្នុងបរិវេណ វត្តថ្មី ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ។

បើតាម នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា ពលរដ្ឋដែលងាយរងគ្រោះ បំផុតទាំង ៥៨ គ្រួសារ នេះ រួមមាន ស្ត្រីមេម៉ាយទ័លលំបាក ចំនួន ២៤ គ្រួសារ ចាស់ជរាគ្មានទីពឹងចំនួន ២៥គ្រួសារ ជនមានពិការភាព ចំនួន ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ២គ្រួសារ និងកុមារកំព្រា ចំនួន ២គ្រួសារ ផងដែរ។

ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែល ជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនបានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោលឡើយ ” ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាស ធាតុមានការប្រែប្រួល ពីក្តៅ ទៅត្រជាក់ នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬ គ្រុនក្តៅ និងសូមបងប្អូន បន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការ ចាក់វ៉ាក់សាំង ដូសជំរុញទី ៥ ឬ ទី ៦ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ វីរុស បំលែងថ្មី កូវីដ-១៩ ។

ម៉្យាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម អាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង ៥៨គ្រួសារ គឺក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ អាវយឺត ៤ ម៉ាស់ ១០ បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល ៕

To Top