ព័ត៌មានជាតិ

កម្ពុជា-អារ៉ាប់រួម នឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ជុំទី៣ នាខែកុម្ភៈ ហើយគ្រោងបញ្ចប់ជាផ្លូវការ នាខែមីនា នៅភ្នំពេញ

ភ្នំពេញ៖ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងគ្នាជាគោលការណ៍ បញ្ចប់ការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ជុំទី៣ ក្នុងប្រទេសអារ៉ាប់រួម នាខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ជាផ្លូវការ នៅខែមីនា នារាជធានីភ្នំពេញ ។

ការព្រមព្រៀងគ្នាជាគោលការណ៍នេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមករា ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការចរចាកិច្ចព្រម ព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) និងជំរុញកិច្ចការដែល នៅសេសសល់ផ្សេងទៀត។

ក្នុងជំនួបទ្វេភាគីនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានលើកឡើងពីលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំចរចាជុំទី១នៅ UAE ក្នុងខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃ ការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ ជាក់ស្តែង ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។

ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍ បញ្ចប់ការចរចា នៅជុំទី៣ ក្នុងប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការ នៅខែមីនានៅភ្នំពេញ ដែលក្នុងពេល ជាមួយ គ្នានោះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា» ។

បន្ថែមពីនេះទៀតលោក ប៉ាន សូរស័ក្ដិ បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងបង្កើនកំណើន សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។

លោករដ្ឋមន្ត្រី បានអបអរសាទរដល់រដ្ឋាភិបាល UAE ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ សម្រាប់សន្និសីទ ថ្នាក់រដ្ឋមន្ត្រី លើកទី១៣ របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០២៤ខាងមុខនេះ។ លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ចំពោះការធ្វើជាម្ចាស់ផ្ទះនេះ និងជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ UAE នឹងជំរុញការដឹកនាំពាណិជ្ជកម្មសកល ឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់ តួនាទីដ៏សំខាន់នានាក្នុង ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើវិធានច្បាថាប់ជាមូលដ្ឋាន ៕

To Top