ព័ត៌មានជាតិ

កម្ពុជា ស្នើអាមេរិក បន្ថែមថវិកាចូលរួមគាំទ្រ ការងារបោសសម្អាត គ្រាប់បែកចង្កោម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើរដ្ឋាភិអាមេរិក បន្តជួយគាំទ្រការងារបោសសម្អាតមីន ឱ្យអស់ក្នុងឆ្នាំ២០២៥ ព្រមទាំងបន្ថែមថវិកាចូលរួមគាំទ្រ ការងារបោសសម្អាត គ្រាប់បែកចង្កោម ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធី នៃការិយាល័យដកហូត និងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក បានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

លោកទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជា ដោយបានដាក់ចេញនូវផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការបញ្ចប់ការងារបោស សម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ។
កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ ២០២៥ តាមការគ្រោងទុក។

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា ក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២ របស់កម្ពុជា ដូចមា នចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡាទៀត។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានស្នើសុំឲ្យរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់ការងារ បោសសម្អាតមីន អោយអស់ក្នុងឆ្នាំ២០២៥ និងបន្ថែមថវិកាចូលរួមគាំទ្រដល់ការងារបោសសម្អាត គ្រាប់បែកចង្កោមផងដែរ»។

ឆ្លៀតឱកាសនោះ លោក Ethan Rinks បានលើកឡើងថា ការិយាល័យដកហូត និងលុបបំបាត់អាវុធ គឺជាការិយាល័យទទួលបន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក ។ រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាមេរិក បានជួយដល់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៩០ លានដុល្លារអាមេរិក៕

To Top