ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានចែករំលែកយោបល់គ្នា ក្នុងការជំរុញការចាប់ផ្ដើមឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍ ។
ការចែករំលែកយោបល់ពីការ បើកដំណើរការជើងហោះហើរត្រង់ឡើងវិញនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី និងលោកទូតជប៉ុន បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងទ្វេភាគី ។
លោកឧបនាយករដ្ឋមន្រ្តី មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាព និងកិច្ចសហ-ប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចំរើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តី ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈ ការស្តារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិតដល់កម្រិតមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធា ដែលត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុន នៅលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់ដោយក្ដីពេញចិត្ត ចំពោះការដំឡើងទំនាក់ទំនងទ្វេភាគី ពី «ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកោតសរសើរចំពោះការ ឆ្លើយតបភ្លាមៗរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់គោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ ជាដើម។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត UENO Atsushi ក៏បានផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ អំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលឯកអគ្គរាជទូតបានគូសបញ្ជាក់ អំពីការកោតសរសើររបស់ជប៉ុន ចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកភាពប្រក្រតីវិញ ៕