ព័ត៌មានជាតិ

គិតត្រឹម​ពាក់កណ្ដាលខែមករា អាជ្ញាធរទទួលពាក្យបណ្ដឹង អំពើជួញដូរមនុស្សគ្រប់ទម្រង់ ៧០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ និងបិទក្រុមហ៊ុនចំនួន៥

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ អាជ្ញាធរ ទទួលពាក្យបណ្ដឹងអំពើជួញដូរមនុស្ស, ជួញដូរពលរកម្ម និងពលកម្មផ្លូវភេទចំនួន ៧០៧ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់ និងបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើសចំនួន៥ ផងដែរ។

នាឱកាសអញ្ជើញផ្សព្វផ្សាយការងារ គ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣​ សម្ដេច ស ខេង បានថ្លែងថា នៅក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិ ដែលបណ្តាលមកពីជំនន់ ទឹកភ្លៀង​ ប៉ុន្ដែពួកឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោក តាមប្រពន្ធ័អនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យ ប្រព្រឹត្តបទល្មើសខុសច្បាប់ និងទាក់ទាញពលករបរទេស ឱ្យចូលមកធ្វើការនៅកម្ពុជា ក្រោមរូបភាពផ្តល់កម្លាំងពលកម្ម ក្នុងតម្លៃខ្ពស់ជាដើម។

សម្ដេច បញ្ជាក់ថា «ប្រឈមមុខនិងហេតុការណ៍នេះ កងកម្លាំងកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្ស ជួញដូរពលរកម្មមនុស្ស និងពលកម្មផ្លូវភេទ ប្រកបដោយគណនីយភាព និងបើកចំហរ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក្រុមគ្រួសារ ក្នុងការផ្តល់ព័ត៌មានមកតាមហ្វេសបុក របស់សម្តេចផ្ទាល់ ឬតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ អគ្គស្នងការនគរបាលជាតិ ឬអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកដល់ទល់នឹងខែមករា ឆ្នាំ២០២៣នេះ អាជ្ញាធរ បានទទួលបានព័ត៌មាន និងពាក្យបណ្តឹងចំនួន ៧០៧ករណី បានឆែកឆេរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១០៣៥នាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់ ព្រមទាំងមាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើស ចំនួន ៥ ព្រមទាំងផ្អាកអាជីវកម្ម ចំនួន ៤ក្រុមហ៊ុន ក្នុងនោះ អាជ្ញាធរកម្ពុជា ក៏បានបិទសំណុំរឿងចំនួន ២២៩ករណី ផងដែរ»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើស យ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមាន ការសង្ស័យយ៉ាងសកម្ម ៕

To Top