ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើបណ្តាប្រទេសនានា រួមគ្នាស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ ដែលប្រព្រឹត្តបទល្មើស អំពើជួញដូរមនុស្សគ្រប់ទម្រង់ សំដៅកាត់ផ្តាច់បទល្មើសនេះ ឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រង និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស។ អាជ្ញាធរ ហើយកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវគ្រប់គ្រងជនបរទេសស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទសំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង អំពើរជួញដូរមនុស្សគ្រប់ទម្រង់ ជួញដូរពលកម្ម និងអាជីវកម្ម ផ្លូវភេទ និងការចុះធ្វើហត្ថពលកម្មគ្រប់ប្រភេទ អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ នៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញ ជនរងគ្រោះ ដែលជនបរទេសត្រូវបានមេខ្យល់នាំមកឱ្យចូលមកធ្វើការ ខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា អាស្រ័យហេតុនេះ ខ្ញុំ ស្នើជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នា ស្រាវជ្រាវបង្ក្រាបបណ្តាញមេខ្យល់ ដែលប្រព្រឹត្តបទល្មើសនេះ សំដៅកាត់ផ្តាច់ បណ្តាញប្រព្រឹត្តបទល្មើស ឱ្យមានប្រសិទ្ធភាព»។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា គណៈបញ្ជាការរាជធានី-ខេត្ត ត្រូវណែនាំសហការសម្របសម្រួល ផ្សព្វផ្សាយច្បាប់ និងលិខិតនានា ព្រមទាំងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដល់កម្មករ និយោគជិត របស់បរទេស និងវិនិយោគជក នៃរោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានា ក្នុងរាជធានី-ខេត្ត របស់ខ្លួន ស្របតាមការណែនាំរបស់ គណៈកម្មការអន្ដរក្រសួង ៕