ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
គួរបញ្ជាក់ថា លេខាធិការដ្ឋានសម្រាប់គាំទ្រ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានភារកិច្ចដូចជា ៖ សហការរៀបចំផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន ស្ដីពីការសហការ ការសម្របសម្រួល ការតាមដាន ការត្រួតពិនិត្យ និងការដាស់តឿន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព។ សហការ និងផ្តល់អនុសាសន៍ ក្នុងការអនុវត្តលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងសហការរៀបចំគោលនយោបាយ សេចក្តីណែនាំនានា និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ សហការ ដឹកនាំ និងផ្តល់អនុសាសន៍ក្នុងការ អនុវត្តចលនាប្រលងប្រណាំង អំពីការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងកៀរគរការចូលរួម និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕