ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ នា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

លោកម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវី រាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និង ការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ នៅចំពោះមុខគ្រប់ស្ថាប័ន មានសមត្ថកិច្ច និង សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទី ដ៏មានសារៈសំខាន់របស់មេធាវី ដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និង សេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនា តាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ ។

លោក ម៉ាណែត លើកទឹកចិត្ត សូមអោយថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំនីតិរដ្ឋ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការពង្រឹងយុត្តិធម៌សង្គម និង ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្របតាមគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។

លោកបណ្ឌិត បន្ថែមថា សូមបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវវិធានវិជ្ជាជីវៈមេធាវី ដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។

លោក សំណូមពរអោយបន្តចូលរួម ចំណែកកសាងសង្គមមួយ ប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយ ផ្នែកច្បាប់ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះលទ្ធភាពទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាមជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕











