ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។
គួរបញ្ជាក់ថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ មានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។
លើសពីនេះ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។
ជាមួយគ្នានេះដែរ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩ នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕