ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ធ្វើយ៉ាងឱ្យព្រឹត្តិការណ៍រាប់ថយ ក្រោយ១០០ថ្ងៃនៃស៊ីហ្គេម ផ្ទុះឡើងទូទាំងប្រទេស បន្ទាប់រងចាំអស់៦០ឆ្នាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជា បានរងចាំអស់រយៈពេល៦០ឆ្នាំមកហើយ។

នាឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នារៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ ព្រោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងប្រទានព្រះភ្លើង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប ។

សម្ដេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថា ថ្ងៃទី២៥ ខែមករា ថ្ងៃខានស្អែកនេះ គឺជាថ្ងៃដែលយើងត្រូវធ្វើយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃស៊ីហ្គេម ។ សូម កុំភ្លេច! ពេលធ្វើនោះ គឺធ្វើឱ្យផ្ទុះនៅទូទាំងប្រទេសឡើង ។ កម្ពុជាត្រូវចាំរយៈពេល៦០ឆ្នាំ»។

សម្ដេចតេជោបន្ដថា កម្ពុជា ត្រូវរង់ចាំរហូតដល់៦០ឆ្នាំ ដើម្បីអាចធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ពីព្រោះម្ខាងដោយ សារសភាពការណ៍ប្រទេសជាតិ មិនអំណោយផង និងម្ខាងទៀតដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការរៀបចំ តែឆ្នាំនេះ កម្ពុជា មានឱកាសក្នុងការរៀបចំព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២។

សម្ដេចតេជោបន្តទៀតថា «នេះជាព្រឹត្តិការណ៍ដ៏ធំ ហើយយើងក៏ចំណាយលុយក៏ច្រើន រឿងធ្វើស្ដាត ធ្វើកន្លែងការប្រកួត ក៏បានមិត្តចិនជួយធ្វើស្តាតមួយដ៏ល្អ ជាមួយនឹងការយើងប្រើថវិកាកសាងរួចហើយនោះ បូក បន្ថែម បើគិតទៅពីមុនខ្ញុំនិយាយតែ៤០លានដុល្លារម៉ាឆ្នាំ យើងបង្កក៣ឆ្នាំ ។ ឥឡូវនេះថវិកាសម្រាប់ការប្រកួតនេះ និងការកសាងនានាឡើងជាង ១០០លានដុល្លារ សម្រាប់ការប្រកួតមួយនេះ»។

សម្ដេចតេជោក៏បានឱ្យដឹងថា មូលហេតុអ្វីដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះនៃការរៀបចំប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ ដោយសម្ដេចសុំការយោគយល់ពីមេដឹកនាំអាស៊ាន នាពេលកន្លងទៅ ដើម្បីរៀបព្រឹត្តិការណ៍នេះ។

សូមរំលឹកថា កម្ពុជាបានត្រៀមវិញ្ញាសាជាង៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាពេលកន្លងទៅ៕

To Top