ព័ត៌មានជាតិ

​សម្ដេចតេជោ នឹងជួបសំណេះសំណាល ព្រមទាំង​ផ្ដល់រង្វាន់ iPad ដល់សិស្សនិទ្ទេស A នាថ្ងៃទី២ កុម្ភៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងជួបសំណេះសំណាល ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយទទួលបាននិទ្ទេសA ក្នុងឆ្នាំ២០២២។

នាឱកាសអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលពិធីនេះប្រារព្ធឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំ ជួបសិស្សនិទ្ទេសA ដែលត្រូវពន្យារ នាថ្ងៃទី២ ខែក្រោយ (ខែកុម្ភៈ) ដោយសារយើងត្រូវរងចាំក្រុមហ៊ុនជីបម៉ុង គាត់កម្ម៉ង់ iPad ព្រោះទាល់តែយើងដឹង ចំនួនសិស្សជាប់ហើយ ទើបយើងស្នើទៅក្រុមហ៊ុន ជីប ម៉ុង»។

លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអប់រំនៅក្នុងប្រទេសកម្ពុជា គឺផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់សព្វថ្ងៃនេះ មានលោកគ្រូអ្នកគ្រូ និងសាស្ត្រាចារ្យដែលមានចំណេះជំនាញ ពិតប្រាកដក្នុងការបណ្ដុះបណ្ដាល។

ជាងនេះទៅទៀត សម្តេចតេជោ នៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជន ចូលរួមវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់ ៩០៩៥០នាក់ស្មើនឹង៧២.៣៣% ក្នុងនោះ និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២៤៥០នាក់៕

To Top