ព័ត៌មានជាតិ

ក្នុងសប្តាហ៍ទី៤ខែមករា តំបន់មួយចំនួន នឹងចុះត្រជាក់ ដល់១៥អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បាន ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងអំឡុងសប្តាហ៍ទី៤ ក្នុងខែមករានេះ (២៥ដល់៣១មករា) ព្រោះតំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបន្តថា អំឡុង សប្តាហ៌ទី៤ នៃខែមករានេះ កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ១៨-២២អង្សាសេ និងសីតុណ្ហភាពអប្បបរមា ពី ២៨-៣៣អង្សាសេ។ ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ១៥-២០អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣១អង្សាសេ។ ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ១៥-១៧អង្សាសេ នៅពេលព្រឹកនិង នៅពេលយប់។

ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សា សេនិងសីតុណ្ហភាពអប្បបរ មាពី៣០-៣៣អង្សាសេ នឹងអាចមានខ្យល់បក់បោក និងរលកសមុទ្រខ្ពស់៕

To Top