ព័ត៌មានជាតិ

គម្រោងផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវល្បឿនលឿន ប្រើទុនជាង ៤ពាន់លានដុល្លារ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំពិនិត្យលើ លទ្ធផលបឋម នៃការសិក្សាគម្រោងលើកកម្រិតផ្លូវ រថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា ។

គម្រោងនេះ ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែតនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយ ក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC។

បើតាមរយៈការសិក្សាបឋមនេះ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុន វិនិយោគប្រមាណជាង ៤ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាល រថភ្លើងដែលដំណើរការដោយថាមពលអគ្គិសនី ដោយ មានការសាងសង់ផ្លូវអាកាស រំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀត នៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

គម្រោងនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿន ស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវ ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

To Top