ព័ត៌មានជាតិ

មេប៉ូលីស ៖ មន្ដ្រីក្រោមឱវាទ មិនត្រូវគិបកេងលុយកាក់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន ដល់ប្រធាននាយកដ្ឋាន ឬអង្គភាពនានា ត្រូវជៀសវាងដាច់ខាត នូវអំពើមិនគប្បី ពាក់ព័ន្ធទៅនឹងការគិបកេងលុយកាក់ ដែលជារបបរបស់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៥រូប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង កងកម្លាំងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណភាព តម្លាភាព គណនេយ្យភាព ពិសេសចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង និងត្រូវច្បាស់លាស់ម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍ គូសបញ្ជាក់ទៀតថា «ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ពាក់ព័ន្ធការគិបកេងលុយកាក់ ដែលជារបបរបស់មន្ដ្រីក្រោមឱវាទខ្លួន។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់កសាងអង្គភាព លើកកម្ពស់ស្មារតី រក្សាសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអង្គភាពខាងក្រៅ ហើយដាច់ខាតត្រូវតែធ្វើជាគំរូល្អ»

លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវតែគិតគូរអំពីសុខទុក្ខកងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារ ដោយនៅពេលមានទុក្ខលំបាក ត្រូវចេះជួយតាមលទ្ធភាពដែលខ្លួនមាន ដោយបង្ហាញពីស្មារតីយកចិត្តទុកដាក់ ពិសេសតាមរយៈសមាគមមិត្ត នគរបាលជាតិកម្ពុជា។ ជាង នេះទៅទៀត ត្រូវបង្ហាញ ស្មារតី ឆន្ទៈ ភាពស្មោះត្រង់ដល់មន្ដ្រីរបស់ខ្លួន បើមិនដូច្នេះទេ នឹងប្រាស់ ចាកជាមួយក្រមសីលធម៌ របស់កងកម្លាំង ៕

To Top