ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រកាស ឱ្យដំណើរការក្រុមការងារ បច្ចេកទេសអន្តរ ក្រសួង តាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។
ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកទេស រដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អាជ្ញាធរ គឺជាការប្រមូលធនធានបញ្ញាញាណ ដើម្បីតាក់តែងគោល នយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ក្នុងនោះក្រុមការងារ មានតួនាទីភារកិច្ច រួមមាន៖ សិក្សា និងរៀបចំគោលនយោបាយ, សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ន នៃការឆ្លើយតបអេដស៍, សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល, សិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍ ។
លើសពីនេះ ក្រុមការងារ ក៏ត្រូវសិក្សា និងវិភាគពីតម្រូវការ ហិរញ្ញវត្ថុ, ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុង ការតាក់តែងគោលនយោបាយ, ពិនិត្យជាប្រចាំលើភាព ចាំបាច់ នៃការកែលម្អគោលនយោបាយ, រាយការណ៍ជូន អាជ្ញាធរពីវឌ្ឍនភាព នៃការរៀបចំគោលនយោបាយ ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាជាតិ ៥លានដុល្លារ ក្នុង ១ឆ្នាំ ដោយមិនគិតពីថវិកា សម្រាប់មន្រ្តីជាប់កិច្ចសន្យា មូលនិធិសកល ព្រមទាំងថវិកា ៨០លានរៀល និង ៦០លានរៀល សម្រាប់រាជធានី ខេត្តចំនួន១៥ នឹងត្រូវផ្តល់ឱ្យដើម្បីចំណាយលើការងារអេដស៍។ ទន្ទឹមនឹងនោះ ចាប់ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុងរង្វង់ ១៣លានដុល្លារ ក្នុង ១ឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី USAIDS ក៏នឹងត្រូវផ្តល់ជាជំនួយ លើការងារអេដស៍ផងដែរ៕