ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ផ្ដាំផ្ញើទូតទើបតែងតាំងថ្មី ៨រូប ត្រូវទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរ មកកម្ពុជាឲ្យកាន់តែច្រើន

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានធ្វើការផ្ដាំផ្ញើដល់ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៨រូប ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាផងដែរ។

នាឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានថ្លែងថា ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៨រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អ ជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃ ប្រទេសនីមួយៗឲ្យបានល្អប្រសើរ។

សម្ដេច បន្ដថា ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅ ប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ទោះបីស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងឯកអគ្គរដ្ឋទូត-រាជទូត នៃប្រទេសនានាប្រចាំនៅ ប្រទេសដែលខ្លួនតាំងនៅ។

លើសពីនេះ សម្តេច សាយ ឈុំ បញ្ជាក់ថា «ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ ឯកអគ្គរាជទូតទំាងអស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា»។

នាឱកាសនោះ កុយ គួង ជាតំណាងឯកអគ្គរាជទូតទំាងអស់ បានប្តេជ្ញានៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចកាទូត ដោយសក្តិសមជាតំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ លើសពីនេះ ឯកអគ្គរាជទូតទំាងអស់ បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយអំពីប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពនៅក្នុងតំបន់ និងលើពិភពលោក ៕

To Top