ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង សំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ១៧រូប ដើម្បីជាការលើកទឹកចិត្ត

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់ សិស្សប្រឡងជាប់និទ្ទេស A ចំនួន១៧រូប នៅខេត្តស្វាយរៀង ក្នុងការប្រឡសញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ។

លោកអភិបាលខេត្តបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំង១៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

លោកបន្តថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមានមោទកភាព បើទោះកំឡុងពេលសិក្សា បានជួបនឹងបញ្ហាប្រឈម ដោយសាវិបត្តិនៃជំងឺកូវីដ១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង ក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ដោយមានមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្តជំរុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន ក្នុងនោះគណៈគ្រប់សាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់បង្រៀនសិស្ស នៅក្នុងស្ថានភាពដ៏លំបាកទាំងដោយផ្ទាល់ផង ទាំងអនឡាញផង ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

លោកអភិបាលខេត្ត បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួន ដល់ក្មួយៗដូចខាងក្រោម៖

ទី១.ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀន សូត្រឲ្យបានពូកែថែមទៀត
ទី២.ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម

ទី៣.ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ 
ទី៤.ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសង។ 
ទី៥.ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ។ 

ទី៦.ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។ 
ទី៧.មិនត្រូវមានមោទកភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន។ 

ទី៨.ត្រូវចូលរួមគោរពប្រតិបត្តិ ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានប្រគល់រង្វាន់ សម្រាប់សិស្សនិទ្ទេស A ទាំង ១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ម៉ូតូ ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល ។ ដោយឡែក លោកប្រធានការិយាល័យអប់រំក្រុង ស្រុក ទាំង៦ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល,លោកនាយកវិទ្យាល័យ ទាំង១១ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕

To Top