ព័ត៌មានជាតិ

គណៈកម្មការ ជំនាញរដ្ឋសភា កោតសរសើរ អ្នកសារព័ត៌មាន

ភ្នំពេញ ៖ គណៈកម្មការទី៥ និងគណៈកម្មការជំនាញនានា នៃរដ្ឋសភាបានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ដែលបានរួមគ្នាជាមួយក្រសួង ព័ត៌មាន ពង្រឹងការឆ្លើយតបជាក់ ស្តែងទៅ នឹងអ្វី តម្រូវការ និងសេរីភាព នូវការបញ្ចេញមតិរបស់ប្រជាជន ។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥ ) នៃរដ្ឋសភា និង តំណាងគណៈក ម្មការទាំង ១០នៃរដ្ឋសភា ថ្លែងក្នុងសន្នីសិទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៥ មករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានប្រកាសស្វាគមន៍ និងកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ទាំងអស់នៅ កម្ពុជារួមមាន អ្នកសារព័ត៌មានទូរទស្សន៍ វិទ្យុ កាសែត និងសារព័ត៌មាន អនឡាញ ដែលស្ថិតក្រោមការដឹកនាំរបស់ រដ្ឋមន្ត្រីក្រសួង បានធ្វើការយ៉ាងជោគជ័យ ។ ពិសេសចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំ មកនេះក្នុងការទប់ទល់ការរាត្បាត ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ដោយបានគ្រប់គ្រងព័ត៌មានមិនពិត និងផ្សាយព័ត៌មានច្បាស់ លាស់ធ្វើឲ្យប្រជាពលរដ្ឋយល់ ច្បាស់ និងនាំគ្នាធ្វើតាមការដឹកនាំ និងបទបញ្ជា របស់រាជរដ្ឋាភិ បាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំង អ្នកខ្លះចាក់ដូសទី៣ រហូត ដល់ដូសទី៦ ។

លោកបានបញ្ជាក់ថា «អីញ្ចឹងការទទួលខុសត្រូវនេះ បានផ្តល់នូវអត្ថាប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាជន និងបង្ហាញពីការ ទទួលខុសត្រូវ របស់យើង ជាអ្នកតំណាងឲ្យ ប្រជាជន ឈរ ឈ្មោះជាអ្នកតំណាងផ្តល់ព័ត៌មាន ដល់ប្រជាជន ដោយសហការ ជាមួយអ្នកជំនាញ ធ្វើការ មានប្រសិទ្ធិភាព រហូតដល់បើកប្រទេស ឲ្យដំណើរការឡើងវិញ និងបើកឲ្យមានការវិនិយោគ ឡើងវិញផងដែរ» ។

ប្រធានគណៈកម្មការទី៥ បានបញ្ជាក់បន្ថែមថា «តម្លៃនៃអ្នកសារព័ត៌មាន គឺជាតម្លៃសង្គម គឺតម្លៃជីវិតដែលយើងទាំងអស់គ្នា នឹងផ្តល់តមៃ្លនេះ ហើយក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន យើងសង្ឃឹមថាចាប់ពីឆ្នាំក្រោមៗទៀត និងផែនការគ្រោងនឹងធ្វើក្រោយទៀត ស្របតាមបច្ចេកវិទ្យា ដែលកំពុងកកើតថ្មី ស្របតាមតម្រូវការប្រជាជន ហើយពិសេសទាំង រដ្ឋសភា និងក្រសួងព័ត៌មាននឹងពង្រឹង ការឆ្លើយតបជាក់ស្តែងទៅនឹងអ្វីតម្រូវការ និងសេរីភាពនូវការ បញ្ចេញមតិរបស់ប្រជាជន» ។

ទាក់ទិននឹងការជជែកគ្នានៅព្រឹកនេះដែរ លោកប្រធានគណៈកម្មការទី៥ ក៏បានឲ្យដឹងថា គឺដើម្បីពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និងមធ្យោបាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលអនុញ្ញាត ឲ្យប្រជា ពលរដ្ឋគ្រប់រូបមានសិទ្ធិ ទទួលយក ព័ត៌មានការទទួលខុសត្រូវក្នុង ការទទួលព័ត៌ មានស្របតាម ច្បាប់របស់ប្រទេសកម្ពុជា ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ទោះបីជា ការខ្វះខាតនូវថវិការក្តី សម្ភារៈ និងធនធានមនុស្សក្តីក្រសួងព័ត៌មានបានខិត ខំប្រឹងប្រែងធ្វើ ការផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យមហាជនបានដឹងនិងទទួល ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងកិច្ចប្រជុំគណៈកម្មការទី៥រដ្ឋសភា ក៏ដូចសមាជិកគណៈ កម្មកាផ្សេងទៀត ក៏បានធ្វើការណែនាំនិងជំរុញថែមទៀត ឲ្យក្រសួងព័ត៌មានខិតខំធ្វើការផ្សព្វផ្សាយ ព័ត៌មានទាក់ទិននឹងការងាររដ្ឋសភា និងផ្សព្វផ្សាយ ពីសុខដុមនីយ កម្មសាសនានៅកម្ពុជា និងជំរុញការអនុវត្តច្បាប់សារព័ត៌មាន និងក្រមសីលធម៌អ្នក សារព័ត៌មាន ។

ចំពោះការលើកឡើង របស់គណៈកម្មការជំនាញរដ្ឋសភា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាននឹងកត់ត្រាទុក ដើម្បីយកអនុវត្តបន្តទៀត ដើម្បីមានភាពរីកចំរើន ក្នុងវិស័យសារព័ត៌មាន ឲ្យមានភាពល្អប្រសើរ៕

To Top