ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ យ៉ាងញឹកញាប់ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលទស្សនកិច្ចការងារ ផ្លូវការនៅប្រទេសជប៉ុន របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ។
ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើង កាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្ដីប្រកាសបញ្ជាក់ថា «រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់យ៉ាងញឹកញាប់ ពិសេស ដោយមានជំនួបកំពូលទ្វេភាគីចំនួន ០៤លើក រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំមុន» ។
រដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍កិច្ចសហប្រតិបតិ្តការ និងទំនាក់ទំនងយ៉ាងសកម្មលើវិស័យសន្តិសុខ និងការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហាននៃប្រទេសទាំងពីរ និងការចូលចតរបស់នាវា នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា កាលពីឆ្នាំមុន។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការរីករាយ ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលបានឈានទៅជិត ដល់កម្រិតមុនវិបតិ្តជំងឺកូវីដ-១៩ ព្រមទាំងលំហូរយ៉ាងខ្លាំងនៃវិនិយោគ ពីប្រទេសជប៉ុនចូលមកកម្ពុជា ហើយលោករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាព ធ្វើការជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចដែលកំពុងរីកចម្រើន រួមទាំងការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា ភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទំាងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នំា២០២៥» របស់កម្ពុជា ៕