ព័ត៌មានជាតិ

កម្ពុជា-បារាំង នឹងពិនិត្យឡើងវិញ លើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមហ៊ុនធំៗរបស់បារាំង បានឯកភាពគ្នា នឹងពិនិត្យឡើងវិញ លើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ។

នាឱកាសអនុញ្ញាតឱ្យលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំង ប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប ជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផែនការមេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោង ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងបានស្នើឱ្យគណៈប្រតិភូបារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកក ស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី និងក្រុមហ៊ុនធំៗរបស់បារាំង បានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ដើម្បីអាចមានលទ្ធភាពយកការ សិក្សារួមគ្នានាពេលកន្លងមកអនុវត្តបន្ត ។ គណៈប្រតិភូបារាំង បានចូលរួមមតិយ៉ាងផុសផុល និងបានផ្ដល់ចំណាប់អារម្មណ៍ ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ដែលនេះបង្ហាញឱ្យឃើញ នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

To Top