ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោក លី ធុជ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ច សន្យា ស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពរបស់   លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង លោកទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បន្ទាប់ពីទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្រ្គាម ក្នុងគោលបំណង ដើម្បីធ្វើការបោសសម្អាតមីន ក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០ លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រង ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។  ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់៖ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និង ក្រុងសំរោង ខេត្តឧត្តរមានជ័យ; (២) មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម  ដើម្បីធ្វើការបោសសម្អាតមីន លើផ្ទៃដីប្រមាណ ២៧.១១០.៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី; (៣) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦.៣២៤.៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប   ។

យោងតាមប្រសាសន៍របស់ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង  សម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣ នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។ បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន ០៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖  ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង,  ខេត្តប៉ៃលិន,  ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាព​ជឿជាក់​ក្នុងការឈានទៅសម្រេច ឱ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥ ខាងមុខ៕

To Top