ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការ ចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុ មុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ មកដល់ក្រសួងឱ្យមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្ម ខុសច្បាប់លើទ្រូងផ្លូវសាធារណៈ ក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ ធ្វើការរំលឹកដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងលក្ខន្ដិកៈ ដែលបានតម្ដល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុតត្តនានា ជាធរមានផងដែរ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា «ទន្ទឹមនេះដែរ សមាគមត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរអំពី ព័ត៌មានរាល់គណនីដែលត្រូវបើក សម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍ បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្ត តាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន» ៕

To Top