ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា គ្មានករណីបណ្ដេញនរណាម្នាក់ ចេញពីក្របខណ្ឌរដ្ឋ ដោយសារជំនឿសាសនាឡើយ ផ្ទុយទៅវិញ កម្ពុជា ប្រឆាំងការរើសអើង និងជម្លោះសាសនា។
នាឱកាសអញ្ជើញអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។
សម្ដេចតេជោ បន្ដថា កម្ពុជាពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ មិនត្រឹមតែជាមោទកភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទកភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនា នៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «នៅក្នុងពិធីនេះ ពិតជាមានមន្ដ្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលមានជំនឿទៅក្នុងគ្រិស្ដសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នាដែលបានឃើញថា នៅកម្ពុជានេះ បានបណ្ដេញពីក្របខ័ណ្ឌរដ្ឋ ឬក៏បណ្ដេញអ្នកពីនេះ អ្នកនោះ ចេញពីទីនេះ ចេញពីទីនោះ ដោយសារតែជំនឿនោះឬទេ? ពិតជាគ្មានឡើយ នៅក្នុងពេលវេលាដែលយើង បានឆ្លងកាត់ក្នុងរយៈពេលជាង ៤៤ឆ្នាំ កន្លងទៅនេះ»។
សម្ដេចតេជោ បន្ដថា កម្ពុជា តែងតែផ្ដល់លទ្ធភាពគ្រប់យ៉ាង ហើយគ្រប់មនុស្សអាចជឿសាសនាណាក៏បាន។ សម្ដេច ថា កម្ពុជា ក៏ប្រឆាំងការរើសអើង និងមិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា។
សម្ដេចតេជោ បន្ថែមថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពនានាពាក់ព័ន្ធ ធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគោរពសាសនា។ សម្ដេច បញ្ជាក់ថា «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាជាតិ និងសាសនាមិនមែនជាឧបសគ្គ នៃការអភិវឌ្ឍប្រទេសជាតិនោះទេ»៕