ព័ត៌មានជាតិ

យានយន្ត ធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជិត ១,៥លានគ្រឿង ក្នុង​រយៈពេល​ជិត៤ខែ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេលជិត ៤ខែ គិតចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជិត ១,៥លានដង មានគ្រោះថ្នាក់ចរាចរណ៍ ៧០ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ មករា បានបញ្ជាក់ថា «ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពី ដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណ ជិត ១,៥លាន ដង មានគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ»។

ក្រសួង បន្ដថា នេះបានបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ មានច្រកចេញចូលចំនួន៨ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងលោក Kun Mo អគ្គនាយកក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពយន្តការបច្ចេកវិទ្យា DIP ធ្វើឱ្យប្រសើរឡើងការផ្តល់សេវា និងការបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ ផ្លូវល្បឿនលឿន ដែលបានដាក់ដំណើរការអស់រយៈ ពេលជិត ៤ខែ កន្លងទៅ។

To Top