ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) នារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

លោក សូមចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អ ខួប ១០០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ទ និងដើម្បីសម្ដែងនូវការដឹងគុណ ចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អ ជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមក ដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួន ស្របតាមកាលៈទេសៈជាច្រើន ដែលប្រទេសកម្ពុជា បានឆ្លងកាត់នាពេលកន្លងមក ។

លោក បន្តថា ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជា មានឱកាសពេញលេញ ក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាព ដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិ ទាំងមូល ព្រមទាំងបានរួមចំណែក ក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនា នៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និង ការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាព សុខដុមរមនាជាដរាបតទៅ។

លោក បន្ថែមថា សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព ពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ក្នុងបរិបទនេះ សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យលើកត្តាចម្បង ពីរយ៉ាង ជាអាទិ៍៖ ចំណុចទី១ គឺការបើកចំហរ នៃសហគមន៍សាសនានីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រកាន់នូវគោលជំហរ ទន់ភ្លន់ មិនចង្អៀតចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់ នូវការបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយសេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំពើជា កុសលល្អដល់ជនទាំងទ្បាយទាំងពួង ។ ហើយចំណុច ទី២ គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាលទៅ ដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាន នៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បង ក្នុងការនាំមកនូវភាពជឿទុកចិត្ត ការគោរពស្រលាញ់ និង ការយោគយល់អធ្យាស្រ័យគ្នា ដោយបង្កើតបាន ជាបរិស្ថានសុខដុមរមនានៅក្នុង សង្គមជាតិទាំងមូល ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាព ពេញលេញក្នុងការគោរព ប្រតិបត្តិជំនឿ សាសនាទាំងអស់ ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់ នៅប្រកបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយ យូរអង្វែងតរៀងទៅ។

លោក ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិ ដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍ រីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកា បក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួម ចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ។ ក្នុងន័យនេះ, បេក្ខភាពបន្តវេន របស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្ត នូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់ យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួល បាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្ត ពីសំណាក់មជ្ឈដ្ឋាន ប្រជាពលរដ្ឋគ្រប់ជំនាន់ ៕












