ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកាសស្វាគមន៍ អ្នករាជានិយម រួមរស់ក្រោមដំបូល គណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ ព្ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានយាងចុះជួបសំណេះសំណាល ជាមួយ សមាជិកសមាជិកា រចនាសម្ព័ន្ធ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណជាង៣៥០នាក់ ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ នេះបើតាម លោក ញៀន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច ។

មានព្រះបន្ទូលក្នុងពិធីនោះ ព្រះអង្គម្ចាស់ បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណកម្មាធិការ ប្រតិបត្តិខេត្ត ស្រុក ឃុំ ក្នុងខេត្តស្វាយរៀង ទាំងអស់ ដែលបានបូជា ពលីកម្ម គ្រប់បែបយ៉ាង ក្នុងការបំរើគណបក្ស និងបានដង្ហែគ្រប់ជំនាន់ តាំងពីព្រះបិតាស្ថាបនិក ហ៊្វុនស៊ិនប៉ិច គឺ សម្តេចព្រះបរមរតនកោដ្ឋ និងបានចូលរួមយ៉ាងសកម្មជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការធ្វើឱ្យគណបក្ស ទទួលបានជោគជ័យ នាឆ្នាំ១៩៩៣ ។

ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្ស ក៏បានប្រកាសស្វាគមន៍ យ៉ាងកក់ក្តៅផ្ញើជូន អ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម អ្នកស្នេហាជាតិ មករួមរស់សារជាថ្មី សាមគ្គីគ្នា កសាងគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ថ្កុំកើន ឈានទៅរកការជោគជ័យ មានឱកាសដឹកនាំប្រទេស ប្រជារាស្ត្រខ្មែរ កាន់តែរីកចំរើន រុងរឿងទៅមុខ ៕

To Top