ភ្នំពេញ៖ មហាសន្និបាតគណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញ នូវគោលដៅជាយុទ្ធសាស្ត្រ ចំនួន៥ចំណុច និងបណ្តាគោលនយោបាយធំៗ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នា របស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្ដែងនៅក្នុង និងក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់។
យោងតាមសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គោលដៅជាយុទ្ធសាស្ត្រទាំង៥ រួមមាន ៖
ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់ សមិទ្ធផលនៃសង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ។
ទី២- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ជឿនលឿននិងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។
ទី៣- កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
ទី៤-ជំរុញការអនុវត្ត “កម្ពុជាគ្មានមិនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា។
ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕