ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ឆ្នាំ២០២២ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម ៥២,៤២ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។

នាឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ របស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទៅ ដូចជា សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ៖ សម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះ ទំហំពាណិជ្ជកម្ម សរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១ ។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាម៉េរិក គឺមានការកើនទ្បើង ៤%»។

ចំពោះការនាំចេញទំនិញពីកម្ពុជា លោករដ្ឋមន្រ្តី បានលើកឡើងថា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។

លោករដ្ឋមន្ដ្រី បន្ដថា តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់ចេញ កាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាព ប្រកួតប្រជែង នៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយ ផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក បន្ថែមថា លើសពីនេះ ក្រសួងបានចូលរួមជំរុញ ឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម ធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ កម្ពុជាកាន់តែទូលំទូលាយ៕

