ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តី និងស្ថាប័នក្រោមឱវាទទាំងអស់ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែ មានប្រសិទ្ធភាពបន្ថែមទៀត។

នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលធំៗ ដែលក្រសួងពាណិជ្ជកម្ម សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលសមិទ្ធផលទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។

លោករដ្ឋមន្ដ្រី បានថ្លែងថា «ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋាន ត្រូវបន្តពង្រឹងវត្តមានមន្រ្តីក្រោមឱវាទខ្លួន ឱ្យមានប្រសិទ្ធភាព ហើយនាយកដ្ឋានបុគ្គលិក ត្រូវចុះពង្រឹងការអនុវត្តខ្លឹមសារ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឱ្យមានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងមន្រ្តី»។

លោក បន្ដថា ត្រូវចេះប្រើប្រាស់មន្រ្តីដែល មានស្រាប់ឱ្យអស់លទ្ធភាព និងត្រូវបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែម ដោយពិនិត្យ និងបែងចែកមន្រ្តីដែលទទួលបានថ្មី ទៅតាមលទ្ធភាពជាក់ស្តែង។ មន្ទីរពាណិជ្ជកម្មទាំងអស់ ត្រូវបន្តខិតខំធ្វើការ និងសហការឱ្យបានល្អប្រសើរ ជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លើសពីនេះ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋាននាំចេញ-នាំចូល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃ ការផ្តល់សេវាកម្មពាណិជ្ជកម្ម ជូនសាធារណជន។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បានបន្ថែមថា ត្រូវបញ្ជូនមន្ត្រីទៅទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស ឱ្យបានច្រើន ឱ្យចំជំនាញ និងចំទីតាំង ដើម្បីឱ្យមន្ត្រីដែលបានទទួលការ បណ្តុះបណ្តាលអាចប្រើប្រាស់ ចំណេះដឹងបានចំគោលដៅ និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តស្វែងរកដៃគូផ្តល់ជំនួយ ក្នុងការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែងបន្ថែមទៀត៕
