ភ្នំពេញ៖ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តតាកែវ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យប្រភពនិងបច្ចេទេស ក្នុងស្ថានីយ៍ផលិតទឹកស្អាតមួយ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំ ដល់ម្ចាស់អាជីវកម្មទឹកស្អាត ត្រូវយកចិត្តទុកដាក់ ថែរក្សា សម្អាត អាងចម្រោះ ឱ្យជាប់ជាប្រចាំ តាមស្ដង់ដាបច្ចេកទេស ដើម្បីជៀសវាងការបង្ករផលប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទូទាំងឃុំរវៀង។ ជាមួយគ្នាលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ចូលរួមជួយថែរក្សាប្រភពទឹកដែលមានស្រាប់ ព្រោះបញ្ហាទឹកស្អាតប្រើប្រាស់នេះ ជាកត្តាចាំបាច់ដែលមិនខ្វះបាន នាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
បើតាមម្ចាស់ស្ថានីយ៏ផលិតទឹកស្អាតខាងលើ បានឱ្យដឹងថាលោកបាននឹងកំពុងពង្រីកទីតាំងបន្ថែម ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅរដូវប្រាំង។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងអំណរគុណដល់ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តតាកែវ ដែលបានអញ្ជើញចុះមកពិនិត្យស្ថានីយ៍ផលិតទឹកស្អាត និងប្រភពទឹក នៅឃុំរវៀងនាពេលនេះ។
ក្រោយបានស្ដាប់មតិយោបល់ ពីលោកប្រធានមន្ទីរ និងម្ចាស់ស្ថានីយ៍ផលិតទឹកស្អាត លោក សយ សុភាព បានបង្ហាញក្ដីសង្ឃឹមថា នាពេលខាងមុខប្រជារាស្ត្រ នៅទូទាំងឃុំរវៀង នឹងមានទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដោយគុណភាពទឹកល្អ ជាងពេលបច្ចុប្បន្ន ជាពិសេសតម្លៃទាបសមរម្យ៕