ព័ត៌មានជាតិ

ស្អែកនេះ ! សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយ សិស្សប្រឡងជាប់និទ្ទេស A

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ នឹងជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេសA។

យោងតាមគោលការណ៍ណែនាំរបស់របស់ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា «ក្រសួងអប់រំ នឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្ស​ប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន»។

ក្រសួង បន្ដថា ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់ត្រូវអនុវត្ត ដូចជា ៖ ត្រូវទទួលបានការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់លទ្ធផលអវិជ្ជមាន, ត្រូវបិទ Sticker ដែលបញ្ជាក់ថាអវិជ្ជមានជំងឺកូវីដ-១៩, គោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ក្នុងពិធី, ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន​សុវត្ថិភាពសុខភាព​របស់ក្រសួងសុខាភិបាល ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន។

លើសពីនេះក្រសួងអប់រំ បន្ថែមថា អ្នកចូលរួមមិនត្រូវអនុវត្ត ដូចជា៖ ហាមយកសាក់កាដូ ឬកាបូប ដបទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី, ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី, ហាមចូលរួមពិធី ក្នុងករណីធ្វើតេស្តវិជ្ជមានកូវីដ-១៩ ឬ សង្ស័យថាមានអាការៈជំងឺកូវីដ-១៩, ហាមបង្កសំឡេងរំខាន ក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា៕

To Top