ភ្នំពេញ៖ អំណោយជាអង្ករ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣០០តោន ត្រូវបាននាំយកមកប្រគល់ជូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមរួមចំណែក ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ ។

ពិធីប្រគល់និង ទទួលអំណោយខាងលើនេះ ធ្វើឡើងនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកផាន់ ចាន់ធុល តំណាងអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា បាននាំយកអង្ករចំនួន ៣០០តោន ជាអំណោយ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋក្រីក្រទាំងអស់ ក្នុងរាជធានីភ្នំពេញ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ទូទាំងរាជធានីភ្នំពេញផងដែរ ៕
